គ្រប់ម្តាយទាំងអស់
តែងសង្ឃឹមថានឹងទទួលបានកូនមួយមានសុខភាពល្អក្រោយការសម្រាល។
ប៉ុន្តែការសម្រាលទារកតែងប្រឈមមុខនឹងបញ្ហាមួយចំនួន
ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។
បញ្ហាមួយគួរឱ្យចាប់អារម្មណ៍គឺត្រង់ការឈ្លក់ទឹកភ្លោះមានលាមកព្រៃ ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទារក។
ផលលំបាកនោះ គឺកើតចេញពីការឈ្លក់
ដែលធ្វើឱ្យទារកអាចលេបទឹកភ្លោះមានលាមកព្រៃកំឡុងពេលមុនសម្រាល កំឡុងពេលសម្រាល
ឬកំឡុងពេលកំពុងសម្រាល។
១)អ្វីទៅជាការឈ្លក់ទឹកភ្លោះមានលាមកព្រៃ
ហើយវាបង្កផលវិបាកអ្វីខ្លះ?
ជាការលេបទឹកភ្លោះមានលាមកព្រៃចូលក្នុងផ្លូវដង្ហើមរបស់ទារកមុនពេលសម្រាល
កំឡុងពេលសម្រាល ឬកំឡុងពេលកំពុងសម្រាល ដែលអាចបង្កផលវិបាកឱ្យទារកស្ទះផ្លូវដង្ហើម
រលាកផ្លូវដង្ហើម និងលំបាកដកដង្ហើម។
២)កត្តាអ្វីខ្លះដែលធ្វើឱ្យទឹកភ្លោះមានលាមកព្រៃ?
មូលហេតុដែលធ្វើឱ្យទឹកភ្លោះទៅជាលាមកព្រៃ៖
- កង្វះអុកស៊ីសែនក្នុងឈាមទារក(ទារកខ្សោយ)
- ការសម្រាលមានរយៈពេលយូរ
- ទារកមានអាយុលើសខែ(> ៤១អាទិត្យ)
- ម្តាយមានជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម
ជម្ងឺបេះដូង ជម្ងឺសរសៃឈាម វិបត្តិផ្លូវដង្ហើម និងមានទម្លាប់ជក់បារីច្រើន
- វិបត្តិការលូតលាស់ក្នុងផ្ទៃម្តាយ។
៣)តើរោគសញ្ញាអ្វីខ្លះដែលបញ្ជាក់ថាទារកលេបទឹកភ្លោះមានលាមកព្រៃ?
- ទឹកភ្លោះមានល្បាយលាមកព្រៃ ឬមានពណ៌បៃតង
ឬទឹកភ្លោះមានពណ៌ខុសធម្មតា
- ទារកកើតមកមានពណ៌សម្បុរស្វាយ
- មានវិបត្តិផ្លូវដង្ហើមដូចជា
ដកដង្ហើមញាប់ខុសធម្មតា លំបាកដកដង្ហើម ឬមិនដកដង្ហើម
- ចង្វាក់បេះដូងរបស់ទារកដើរយឺតមុនពេលកើត
- ពិន្ទុនាទីមាសទាប(ពិន្ទុអាប់ហ្គារ
ជាពិន្ទុវាយតម្លៃទារកទើបកើត)
- ទារកទារកមានអាយុលើសខែ(> ៤១អាទិត្យ)
៤)តើត្រូវព្យាបាលការឈ្លក់ទឹកភ្លោះមានលាមកព្រៃយ៉ាងដូចម្តេច?
ការព្យាបាលការឈ្លក់ទឹកភ្លោះមានលាមកព្រៃ
មានច្រើនសណ្ឋានទៅតាមកម្រិតធ្ងន់ធ្ងរនៃការលេបទឹកភ្លោះមានលាមកព្រៃនោះ។ជាទូទៅ
គ្រូពេទ្យជំនាញព្យាបាលដោយដាក់ទារកឲ្យសំរាកនៅផ្នែកសង្រ្គោះបន្ទាន់ដោយ៖
- ផ្តល់អុកស៊ីសែន
- ផ្តល់ថ្នាំផ្សះ
ដើម្បីព្យាបាលការឆ្លងរោគ
- ផ្តល់ Surfactant (ថ្នាំជំនួយសូត)
- ផ្តល់ Nitric Oxide