Thursday, January 25, 2018

ជំងឺរលាកស្រោមពោះ ដោយសារការធ្លាយក្រពះ!

·   0






គឺជាជំងឺមួយធ្ងន់ធ្ងរបំផុត ដែលអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើធ្វើការព្យាបាលមិនទាន់ពេលវេលា និងតាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវ។
ក) តើមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យមានការធ្លាយក្រពះ?
មូលហេតុសំខាន់ៗដែលបណ្តាលឲ្យមានការធ្លាយក្រពះមានដូចជា៖
- ជំងឺរលាកក្រពះរ៉ាំរ៉ៃ រឺដំបៅក្រពះ
- ជំងឺដុំមហារីកក្រពះ ដែលមិនបានធ្វើរោគវិនិច្ឆ័យនិងព្យាបាលឲ្យបានត្រឹមត្រូវ
- ការប្រើប្រាស់ថ្នាំឈឺសន្លាក់មួយចំនួន ដោយមិនគោរពតាមវេជ្ជបញ្ជាដូចជា ពពួក AINS រឺ Glucocorticoides រឺថ្នាំបុរាណខ្មែរមួយចំនួនដែលមានលាយពពួកថ្នាំខាងលើនេះ។
ខ) រោគសញ្ញា៖
ចំពោះរោគសញ្ញាគ្លីនីកគឺពិបាកក្នុងការសន្និដ្ឋានឲ្យពិតប្រាកដថា អ្នកជំងឺមានជំងឺរលាកស្រោមពោះដោយសារការធ្លាយក្រពះណាស់ ប៉ុន្តែអ្នកជំងឺអាចមានរោគសញ្ញាមួយចំនួនដែលអាចឲ្យយើងគិតទៅរក ដូចជាៈ
- អ្នកជំងឺមានប្រវត្តិរលាកក្រពះរ៉ាំរ៉ៃ រឺដំបៅក្រពះ ជាមួយការប្រើប្រាស់ថ្នាំមិនគោរពវេជ្ជបញ្ជាមួយចំនួន
- អ្នកជំងឺមានសភាពបាត់បង់ជាតិទឹកខ្លាំង ក្អួត ត្អើក មិនដើរខ្យល់ រឺមិនអាចបត់ជើងធំបាន ពេលខ្លះអាចរាគក៏មាន
- ក្តៅខ្លួន
- អ្នកជំងឺមានសភាពឈឺពោះខ្លាំង
- បាត់បង់ចលនាពោះដែលពិបាកក្នងការដកដង្ហើម
- ពោះមានសភាពរឹងដូចឈើ
ក្នុងករណីនេះដើម្បីធ្វើរោគវិនិច្ឆ័យឲ្យរឹតតែច្បាស់ គឺយើងអាចស្នើសុំរូបភាពវេជ្ជសាស្រ្តមួយចំនួនដូចជា អេកូសាស្រ្ត (Échographie abdominale) រឺថតឆ្លុះពោះ (ASP= Abdomen Sans Préparation) ដូចច្នេះមានតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសប៉ុណ្ណោះទើបអាចធ្វើរោគវិនិច្ឆ័យនេះបាន។
គ) តើអ្នកគួរធ្វើដូចម្តេច នៅពេលដែលអ្នកមានជំងឺរលាកស្រោមពោះដោយសារការធ្លាយក្រពះ?
គឺមានតែការវះកាត់ទេ ទើបអាចព្យាបាលជំងឺនេះឲ្យជាសះស្បើយបាន ដូចច្នេះអ្នកត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសឲ្យបានឆាប់រហ័ស ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនិងទាន់ពេលវេលា។



Subscribe to this Blog via Email :