Thursday, January 25, 2018

ការបង្ករោគពីធ្មេញអាចមានគ្រោះថ្នាក់ដល់ជីវិត!

·   0



ការបង្ករោគពីធ្មេញអាចមានគ្រោះថ្នាក់ដល់ជីវិត!
នៅពេលលោកអ្នកឈឺធ្មេញហើយមានសភាពហើមមុខ លឹបភ្នែក ឬហើមតំបន់ក្រោមឆ្អឹងថ្គាម ឬចង្កា ដែលប៉ះពាល់និងពិបាកដល់ការលេបចំណីអាហារ ឬទឹកមាត់ (មានន័យថាប៉ះពាល់ដល់ផ្លូវដកដង្ហើម) សូមប្រញាប់មកជួបទន្តបណ្ឌិត ឬគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ព្រោះអ្នកជំងឺអាចស្លាប់បាន ប្រសិនបើមិនទទួលការការព្យាបាលបានត្រឹមត្រូវ។
១) មូលហេតុធំៗ និងសំខាន់ៗ៖
- ការបង្ករោគចុងឬសធ្មេញស្រួចស្រាវ ដោយសារការងាប់បណ្ដូលធ្មេញ ឬការព្យាបាលរន្ធឬសធ្មេញមិនបានត្រឹមត្រូវ
- ជំងឺរលាកជាលិកាជុំវិញធ្មេញដែលបង្កជាខ្ទុះ
- ការរលាកសាច់ដែលគ្របពីលើធ្មេញថ្គាមទាល់ខាងក្រោមដែលដុះចេញមក
- ការប្រើប្រាស់ឧបករណ៍មិនស្អាត (មិនបានសំលាប់មេរោគឲ្យបានត្រឹមត្រូវ)
២) កត្តាបង្កគ្រោះថ្នាក់ដល់អាយុជីវិត៖
ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលាទេនោះមេរោគ (Bacteria) ដែលបង្កឲ្យមានការករខ្ទុះអាចរីករាលដាលពីតំបន់ធ្មេញទៅកាន់តំបន់ផ្សេងៗទៀតដូចជាៈ
ផ្នែកធ្មេញខាងលើៈ នាំឲ្យហើមមុខជុំវិញភ្នែក រួចឆ្លងចូលទៅតំបន់ Cavernous Sinus និងអាចឆ្លងចូលទៅកាន់ខួរក្បាល។
ផ្នែកធ្មេញខាងក្រោមៈ នាំឲ្យហើមតំបន់ក្រោមចង្កា និង តំបន់ឆ្អឹងថ្គាមក្រោម (ធ្វើឲ្យពិបាកលេខទឹកមាត់ និងស្ទះផ្លូវដង្ហើម) ហើយអាចរីករាលដាលដល់តំបន់ទ្រូង (Mediastinum) និង Infective Endocarditis មួយវិញទៀតមេរោគអាចចូលទៅក្នុងឈាមដោយផ្ទាល់ (Septicemia)
៣) ការព្យាបាល៖
ការព្យាបាលអាចធ្វើទៅតាមដំណាក់កាលដូចខាងក្រោមៈ
- ធ្វើការចោះបង្ហូរខ្ទុះរួចលាងសំអាតឲ្យត្រឹមត្រូវ
- ការយកខ្ទុះទៅវិភាគរកមេរោគ និងការប្រើប្រាស់ថ្នាំត្រឹមត្រូវ
- យកមូលហេតុដែលបង្ករោគចេញៈ ដោយការព្យាបាលធ្មេញ ឬដកធ្មេញនោះចេញតែ ម្តង
- ការប្រើប្រាស់ថ្នាំ
- ក្នុងករណីធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
៤) អនុសាសន៍ និងការការពារ៖
- សូមជួបជាមួយទន្តបណ្ឌិត ឬគ្រូពេទ្យជំនាញពេលលោកអ្នកមានបញ្ហាធ្មេញ ឬហើមមុខមាត់ ជៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង។
- បញ្ហាមាត់ធ្មេញអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតសូមមកជួបជាមួយទន្តបណ្ឌិត ជារៀងរាល់ ៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញលោកអ្នក។

Subscribe to this Blog via Email :